ពិតណាស់ ជុំវិញរឿងរ៉ាវបំណុលរវាង អ្នកនាង សូដា នីតា និង អ្នកនាង សឿ សុធារ៉ា មហាជនបានជ្រាបហើយកាលពីកន្លងទៅ ខណៈពេលដែលឃើញ សឿ សុធារ៉ា ជួបទុក្ខធំបាត់បង់ម្ដាយ និង អស់លទ្ធភាពសល់តែសម្បកខ្លួនបែបនេះគេក៏បានឃើញអ្នកនាង សូដា នីតា ប្រកាសលើកលែងបំណុលប្រមាណជិត ៥ ម៉ឺនដុល្លារ ដែល សឿ សុធារ៉ា បានជំពាក់ចោលទាំងអស់ និង ថែមទាំងបានចូលបុណ្យសព ៧ ថ្ងៃ ម្តាយនាងចំនួន ៥០ ដុល្លារទៀត។
យ៉ាងណាមិញ ខណៈពេលអ្នកនាង សូដា នីតា ប្រកាសលើកលែងបំណុលនេះ គេក៏ពុំបានឃើញអ្នកនាង សឿ សុធារ៉ា ចេញបង្ហោះសារ ឬ និយាយអ្វីជុំវិញរឿងនេះឡើយ ប៉ុន្តែស្រាប់តែថ្មីៗនេះ គេក៏បានឃើញអ្នកនាង សឿ សុធារ៉ា បានធ្វើការនិយាយនៅក្នុងការឡាយវីដេអូហ្វេសប៊ុក ដែលអ្នកនាងនិយាយជុំវិញរឿងរ៉ាវនេះទៅកាន់ អ្នកនាង សូដា នីតា ដោយសុំមិនតបតចំពោះរឿងបំណុលនេះទេ និង មិននិយាយបញ្ជាក់ពីមូលហេតុអ្វីឡើយ ដោយគ្រាន់តែ សឿ សុធារ៉ា សុំឱ្យអ្នកនាងទៅសូមខមាទោសម្ដាយរបស់ខ្លួនវិញ។
ដោយឡែក ក្រោយឃើញអ្នកនាង សឿ សុធារ៉ា ចេញនិយាយក្នុងការឡាយហ្វេសប៊ុកបែបនេះ ស្រាប់តែអ្នកនាង សូដា នីតា បានបង្ហោះសារនិយាយឆ្លើយតបទៅវិញ ដោយប្រកាសឱ្យអ្នកនាង សឿ សុធារ៉ា ចេញមុខសុំទោសសាធារណៈជាបន្ទាន់ បើមិនដូច្នោះទេ អ្នកនាងនឹងឱ្យអ្នកនាង សឿ សុធារ៉ា សងបំណុលទាំងអស់វិញ និង ធ្វើការចេញលិខិតចរចាបំណុល ដើម្បីត្រៀមដាក់ពាក្យបណ្ដឹងបើមិនទៅជួបអ្នកនាងទៀតផង។
ក្រោយពីឃើញ អ្នកនាង សូដា នីតា បង្ហោះសារប្រកាសឱ្យ អ្នកនាង សឿ សុធារ៉ា ចេញមុខសុំទោសជុំវិញរឿងនេះ គេក៏បានឃើញភរិយារបស់តារាសម្ដែង ស៊ុក សុភា គឺអ្នកនាង Sarina បានធ្វើការចូលរួមបញ្ចេញមតិវែកញែកចំពោះរឿងនេះផងដែរ ដោយអ្នកនាង Sarina បាននិយាយឃាត់មិនឱ្យអ្នកនាង សូដា នីតា ប្រកាន់ខឹងនឹងពាក្យសម្ដីរបស់ សឿ សុធារ៉ា ព្រោះតែគិតថាពេលនេះស្មារតីនាងមិនសូវល្អនោះទេ។
អ្នកនាង Sarina បានចូលបញ្ចេញមតិរៀបរាប់ថា ៖ «មើលទៅគ្នាសតិមិនសូវល្អទេអូន បើបានជាធ្វើបុណ្យហើយ ធ្វើឱ្យដល់ត្រើយទៅ បុណ្យមិនចាញ់ទោសទេអូន គេឯងដឹងហើយថាអូនបានលើកលែងយ៉ាងម៉េចខ្លះ កុំទៅប្រកាន់គ្នាអី ជឿបងទៅអូន។ មិនគួរឱ្យ ធារ៉ា ឡាយនិយាយអីទេ ដឹងហើយថាគ្នានិយាយស្ដីមិនសូវដូចមុន យកគ្នាមកឡាយនាំតែវែងឆ្ងាយ បងគិតថានិយាយច្រើន តិចរឿង? ឥឡូវរឿងមែន»។ ជាមួយគ្នានោះ អ្នកនាង សូដា នីតា បានឆ្លើយតបទៅ Sarina វិញថា ៖ «សុំឱ្យនិយាយ សុំទោសខ្ញុំបង!»៕