អ្នកគាំទ្រវិស័យបវរកញ្ញាបានជ្រាបហើយពី ម្ចាស់ជ័យលាភីគ្រងមកុដ Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី ដែលជាបវរកញ្ញាមួយរូបមានសមត្ថភាពលេចធ្លោខ្លាំងក្នុងចិត្តមហាជនកាលពី ២០២១ កន្លងទៅ ដែលនាងបានតំណាងឱ្យកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិនៃកម្មវិធី Miss Universe ទោះបីមិនបានជ័យលាភីអ្វី ប៉ុន្តែនាងធ្វើបានយ៉ាងល្អសម្រាប់កម្ពុជាធ្វើឱ្យអ្នកគាំទ្ររំភើប និង មោទកភាពខ្លាំងចំពោះរូបនាងផងដែរ។
យ៉ាងណាមិញ មកដល់ពេលនេះ បវរកញ្ញា ងិន ម៉ារ៉ាឌី នៅតែទទួលបានការចាប់អារម្មណ៍ស្រឡាញ់គាំទ្រខ្លាំង ដែលតែងបង្ហាញវត្តមានលើឆាកបវរកញ្ញាជាគណកម្មការ និងកម្មវិធីផ្សេងៗ ព្រមទាំងក៏ត្រូវបានមហាជនតាមដានពីជីវិតស្នេហារបស់នាង ដែលទើបតែដឹកដៃគូស្នេហ៍រូបសង្ហាភ្ជាប់ពាក្យកាលពីថ្មីៗកន្លងទៅផងដែរ។
ដោយឡែក ថ្មីៗនេះ អ្វីដែលធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់នាងក្នុងវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ និងហាក់មានការសោកស្ដាយចំពោះសមត្ថភាពនាង ខណៈបានស្ដាប់នាងនិយាយក្នុងវីដេអូកិច្ចសម្ភាស «3 FUN» ឱ្យដឹងថានាងបានសម្រេចចិត្តថានឹងឈប់ប្រកួតក្នុងកម្មវិធីបវរកញ្ញាមួយណាទៀតហើយ គឺនាងចង់ឱ្យគេស្គាល់នាងត្រឹមតែ Miss Universe Cambodia ឆ្នាំ ២០២១ តែមួយហ្នឹងប៉ុណ្ណោះ។
ក្នុងវីដេអូកិច្ចសម្ភាសនោះ កញ្ញា ងិន ម៉ារ៉ាឌី បានរៀបរាប់ទាំងទឹកភ្នែកថា ៖ «សម្រាប់នាងខ្ញុំ ខ្ញុំអត់ចូលប្រកួតទៀតទេ ខ្ញុំគិតថាតំណែងជា Miss Universe Cambodia គឺខ្ញុំតស៊ូមកច្រើន ដើម្បីតំណែងមួយហ្នឹង ហើយខ្ញុំនឹងទុកអនុស្សាវរីយ៍ហ្នឹងទៅដល់ចាស់ទៀត។ ខ្ញុំអត់ចង់ចូលប្រកួតទៀត និយាយទៅខ្ញុំអត់ចង់បានតំណែងគេហៅច្រើនទេ ខ្ញុំចង់ឱ្យគេដឹងថាខ្ញុំជា Miss Universe Cambodia គឺឆ្នាំខ្ញុំ ខ្ញុំជាបវរកញ្ញាដែលមានគេរិះគន់ច្រើន។ ខ្ញុំចង់ឱ្យគេចាំខ្ញុំអ៊ីចឹង ហើយនឹងឃើញពីសម្មតិផលរបស់ខ្ញុំ ខ្ញុំអត់ចង់ឱ្យគេថា ម្នាក់នេះ ចូល Miss Universe Cambodia តែឡូវឃើញគាត់ចូល Miss អីផ្សេងទៀត។ ខ្ញុំអត់ចង់ឱ្យគេហៅអ៊ីចឹងទេ ទោះបីជាពេលដែលខ្ញុំប្រកួត ខ្ញុំទទួលបានការរិះគន់ច្រើនជាងការសរសើរ តែខ្ញុំគិតថាអ្វីដែលនាងខ្ញុំខំប្រឹងនេះគឺ វាពិតប្រាកដសម្រាប់ជីវិតខ្ញុំ ខ្ញុំអត់បានស៊ូកលុយ ឬក៏ខ្ញុំអត់បានធ្វើអីមួយដែលកម្មវិធីរបស់គេមិនចង់បានទេ គឺខ្ញុំហ្វឹកហាត់ខ្លួនឯង ខំប្រឹងរហូតខ្ញុំឃើញ និងស្គាល់ពីភាពពិតរបស់ខ្លួនឯង។ ដូចនេះ ខ្ញុំសម្រេចចិត្តថាមិនចង់ចូលប្រកួតទៀតទេ ខ្ញុំសុខចិត្តឱ្យគេចាំខ្ញុំថា ខ្ញុំជា Miss Universe Cambodia 2021 ងិន ម៉ារ៉ាឌី បែបហ្នឹង»៕
@supportmanitahang OMG Queen❗️ស្តាប់ហើយរំភើបណាស់ឡើងចង់យំតាមហើយ😭#missuniversecambodia #maradyngin #MARADY ♬ Empty – M-Fatt