ក្រៅពីអាជីពសិល្បៈ តារាប្រុសស្រី ៧ រូបនេះ សុទ្ធតែជាកីឡាករ និង កីឡាការិនី(មានវីដេអូ)
ជាការពិតណាស់ នៅក្នុងវិថីសិល្បៈ គេរមែងឃើញមានតារាប្រុសស្រីជាច្រើនមិនត្រឹមតែមានអាជីពជាសិល្បករ សិល្បការិនី នោះទេ តែម្នាក់ៗក៏មានអាជីពខាងក្រៅរៀងៗខ្លួនផងដែរ។ ជាក់ស្តែង ក្រឡេកមកមើលតារាប្រុសស្រីចំនួន ៧ រូបខាងក្រោមនេះវិញ ក្រៅពីអាជីពសិល្បៈ ម្នាក់ៗគឺសុទ្ធសឹងតែជាកីឡាករ កីឡាការិនី លើផ្នែកផ្សេងៗគ្នា។
កីឡាការិនីគុនល្បុក្កតោ កញ្ញា សំ ថារ័ត្ន ត្រូវបានគេដឹងថា នាងជាកីឡាការិនី និង បានហាត់គុនល្បុក្កតោមុននឹងបោះជំហានឈានជើងចូលវិស័យសិល្បៈមកម្ល៉េះ។ ក្នុងនោះ តារាស្រីរូបនេះមិនត្រឹមតែជាតារាស្រី ដែលបានបង្ហាញក្បាច់គុនបុរាណមួយនេះទៅកាន់ពិភពលោកតាមរយៈការសម្តែង និង ការប្រកួតនោះឡើយ កញ្ញា សំ ថារ័ត្ន ក៏បានហ្វឹកហាត់ក្បាច់គុនល្បុក្កតោ ដល់យុវជនខ្មែរជំនាន់ក្រោយទៀតផង។
តារាសម្តែងរូបស្រស់ ពេជ្រ ចរណៃ ក៏ត្រូវបានមហាជនចាប់ក្រសែភ្នែកមិនតិចនោះដែរ លើក្បាច់គុនល្បុក្កតោរបស់កញ្ញា ដោយកន្លងមកនាងតែងបង្ហាញនៅក្នុងការសម្តែងជាដើមនោះ។ លើសពីនោះ មិនត្រឹមជាតារាសម្តែងនោះទេ កញ្ញា ពេជ្រ ចរណៃ ក៏ជាគ្រូបង្ហាត់គុនល្បុក្កតោមួយរូបផងដែរ។
តារាសម្តែង និង តារាម៉ូដែល លោក យិត មាសឧស្សាហ៍ ហៅ អេដវីន មុននឹងមានអាជីពលើវិថីសិល្បៈ លោកក៏ជាកីឡាករផ្នែកកីឡាកាយវប្បកម្មផងដែរ។ កន្លងមក អេដវីន ក៏ធ្លាប់ទទួលបានមេដាយមាសពីការប្រកួតថែមទៀតផង។
លោក វី វុទ្ធី ជាតារាសម្តែងនិយមដើរតួអង្គកាចៗ ព្រមទាំងដើរតួជាមេទ័ព ជាស្តេចនៅក្នុងរឿងបុរាណ ដូចជារឿង «តេជោយ៉ត» ដែលលោកបានសម្តែងជាតួមេទ័ពព្រះបាទជ័យវរ្ម័ននោះ ក្រៅពីអាជីពសិល្បៈ លោកក៏ជាកីឡាករផ្នែកកីឡាកាយវប្បកម្មផងដែរ។
តួអង្គសម្តែងក្នុងរឿង «Jail Break» លោក អ៊ួ តារា មុនបង្ហាញវត្តមានក្នុងខ្សែភាពយន្តខ្នាតធំនេះ គឺលោកមានអាជីពជាកីឡាករផ្នែកល្បុក្កតោ និង ជាអគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាផងដែរ។
លោក រ៉ុង សុភីដេវីដ ជាអតីតដៃស្គររបស់ក្រុម SWSB ក៏ធ្លាប់ជាកីឡាករជម្រើសជាតិផ្នែកតៃក្វាន់ដូរបស់កម្ពុជាកន្លងមក។
អតីតប្រធានក្រុម SWSB លោក រៀម សុខភិរម្យ ក្រៅពីអាជីពក្នុងសិល្បៈ ក៏ជាយុវជនតំណាងប្រទេសមួយរូប ដែលធ្លាប់នាំយកកិត្តិយសជាច្រើនជូនជាតិ ព្រោះលោកគឺជាកីឡាករជម្រើសជាតិសីដក់របស់កម្ពុជាទៀតផង៕