យុវជនខ្មែរវ័យក្មេងដ៏ឆ្នើម ៣ រូប កំពុងធ្វើឱ្យអន្តរជាតិស្ញើចសរសើរ និង ល្បីល្បាញខ្លាំង(មានវីដេអូ)
ជឿជាក់ថាប្រិយមិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមភាគច្រើន បានស្គាល់រួចមកហើយ នូវសមត្ថភាពរបស់យុវជនខ្មែរវ័យក្មេង ៣ រូប គឺជាទំពាំងស្នងឫស្សីដ៏មានគុណភាពសម្រាប់ប្រទេសកម្ពុជា ដែលយុវជនពោរពេញដោយទេពកោសល្យទាំង ៣ រូបនោះមានដូចជា កញ្ញា អន ម៉ូនីតា, លោក ពេជ្រ ម៉ូន និង ធុច សាលិ ដោយពួកគេមិនត្រឹមតែមានឈ្មោះល្បីល្បាញក្នុងប្រទេសនោះទេ ប៉ុន្ដែពួកគេក៏បានធ្វើឱ្យអន្តរជាតិទទួលស្គាល់ និង កោតសរសើរខ្លាំងពីសមត្ថភាពផ្នែកការសិក្សាផងដែរ។
មហាជនទូទាំងប្រទេស ពិតជាភ្ញាក់ផ្អើលជាខ្លាំង ចំពោះសមត្ថភាពដ៏អស្ចារ្យរបស់កញ្ញា អន ម៉ូនីតា ដែលជានារីដែលមានលក្ខណសម្បត្តិល្អទាំងព្រម ពោលគឺ ស្អាត ឆ្លាត ក្លាហាន និង ពូកែ ព្រមទាំងខ្លាំងគ្រប់វិស័យតែម្តង មិនថាវិស័យការសិក្សា វិស័យកីឡា និង សប្បុរសធម៌ ដោយកញ្ញាជានិស្សិតដែលទទួលបានសញ្ញាបត្រនិទ្ទេស A គ្រប់មុខវិជ្ជា លើសពីនេះ កញ្ញាក៏ទទួលបានមេដាយ និងពានរង្វាន់ផ្នែកភាសាអង់គ្លេស គណិតវិទ្យា អក្សរសាស្រ្ត ព្រមទាំងទទួលបានសញ្ញបត្រ លេខ១ខាងចរិយាសម្បត្តិល្អប្រសើរថែមទៀតផង។
លើសពីនេះ កញ្ញា អន ម៉ូនីតា ទទួលបានអាហារូបករណ៍ជាច្រើនកន្លែង ក្នុងនោះរួមមានអាហារូបករណ៍នៅប្រទេស Foshan ផ្នែក Business នៅសកលវិទ្យាល័យ Beijing Foreign University ប៉ុន្ដែបច្ចុប្បន្នកញ្ញា បានផ្លាស់ប្តូរការសិក្សា ទៅរៀនបន្ដជំនាញ គ្រប់គ្រងសណ្ឋាគារ នៅប្រទេស Luzern Switzerland។
សរុបមកដល់ពេលបច្ចុប្បន្ន អន ម៉ូនីតា ទទួលបានមេដាយ និង ពានរង្វាន់ពីការប្រកួតប្រជែងមិនតិចជាង ៧០ច្បាប់ឡើយ។ នេះបើរាប់បញ្ចូលទាំងមេដាយស្ថាបនាជាតិ ដែលកញ្ញាទើបទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ។
មិនត្រឹមតែមានស្នាដៃគួរឱ្យស្ងប់ស្ញែងផ្នែកសិក្សារៀនសូត្រទេ កញ្ញា អន ម៉ូនីតា ក៏ជាយុវជនដ៏ឆ្នើមផ្នែកកីឡាមួយរូប ដូចជា បាញ់កាំភ្លើង ជិះសេះ ហែលទឹក ជ្រមុជទឹក វាយកូនបាល់លើតុ និងការប្រណាំងទូកជាដើម ហើយអ្វីដែលរឹតតែអស្ចារ្យនោះគឺ កញ្ញាជាជើងឯករត់ម៉ារ៉ាតុង ទទួលបានជ័យលាភីលេខ១ ផ្នែកកីឡាការ៉ាតេ ទទួលបានចំណាត់ថ្នាក់លេខ៣ និង ទទួលបានមេដាយពីការប្រកួតកីឡាជាច្រើនទៀត។
សរុបសេចក្ដីមក កញ្ញា អន ម៉ូនីតា ពិតជាយុវជនដែលខ្លាំងទាំង ៣ វិស័យ រួមមាន វិស័យសិក្សា កញ្ញាទទួលបានពានរង្វាន់ មេដាយ និង សញ្ញាបត្រចំនួន ៧០ ច្បាប់។ វិស័យកីឡា ការ៉ាត់តេ បានទទួលចំណាត់ថ្នាក់លេខ ៣ រីឯ ផ្នែករត់ម៉ារ៉ាតុង ទទួលបានចំណាត់ថ្នាក់លេខ ១។ វិស័យសប្បុរធម៌ កញ្ញា អន ម៉ូនីតា ក៏ជាយុវជនគំរូមួយរូប ក្នុងសកម្មភាពសង្គមផងដែរ ដោយកាលពីឆ្នាំ ២០២០ កញ្ញាទទួលបានពានរង្វាន់អ្នកបង្កើតសន្តិភាព (Peace Maker Award 2020) ដែលជាពានរង្វាន់សន្តិភាព សម្រាប់ប្រយោជន៍អ្នកដទៃប្រកបដោយចីរភាពដល់ពិភពលោក និង ថ្មីៗនេះ កញ្ញា អន ម៉ូនីតា ក៏ទទួលបានមេដាយស្ថាបនាជាតិ ដោយបានសាងសង់សាលារៀននៅខេត្តកំពង់ចាមផងដែរ។
លោក ពេជ្រ ម៉ូន បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គមនាំគ្នាផ្ទុះការចាប់អារម្មណ៍ និង កោតសរសើរជាខ្លាំង ក្រោយយុវជនរូបនេះ បានកែប្រែដំណើរជីវិតរបស់លោកពីកសិករនៅខេត្តកំពង់ឆ្នាំង តស៊ូរហូតបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក និង ទទួលសញ្ញាបត្រ កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២២ ក្រោមអធិបតីភាពប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គួរឱ្យស្ញប់ស្ញែងបំផុត។
បើនិយាយពីប្រវត្តិរបស់លោកវិញ លោកធ្លាប់ឡើងមកសិក្សានៅរាជធានីភ្នំពេញ ក្រោមរូបភាពផ្ញើជីវិតតាមសំយ៉ាបផ្ទះគេ រហូតដល់ពេលខ្លះ រើសអាហារពីធុងសំរាម បរិភោគក៏មាន រហូតដល់បញ្ចប់ការសិក្សា ផ្នែកវេជ្ជសាស្ត្រ និងថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ នៅកម្ពុជា។
លុះក្រោយមក យុវជនមានសមត្ថភាពដ៏ពូកែរូបនេះ បានកែប្រែវាសនារបស់ខ្លួន ជាបន្តបន្ទាប់ ដោយទទួលបានអាហារូបករណ៍ រយៈពេល ៤ ឆ្នាំ ទៅសិក្សានៅសាលាបណ្ឌិតសភាយោធាអាមេរិក និង ចាប់យកជំនាញផ្នែកគណិតវិទ្យា និងការស្រាវជ្រាវ នៅលំហរអាកាស ព្រមទាំងមានជំនាញបើកយន្តហោះទៀតផង គួរឱ្យស្ញើចសរសើរបំផុត។
ងាកមក ធុច សាលិ វិញ យុវជនកម្ពុជារូបនេះអាចនិយាយភាសាបរទេសរហូតដល់ទៅ ១៥ ភាសាឯណោះ ដែលកន្លងមក សាលិ បានធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍លើរូបគេជាខ្លាំង រហូតទទួលបានអាហារូបករណ៍ទៅសិក្សារៀនសូត្រនៅប្រទេសចិន។
អ្វីដែលកាន់តែធ្វើឱ្យគេមានការភ្ញាក់ផ្អើលបន្ថែមទៀតនោះ គឺក្នុងចំណោមសិស្សចម្រុះជាតិសាសន៍ ដែលបានទៅរៀននៅប្រទេសចិនក្នុងថ្នាក់ជាមួយ សាលិ ដែរនោះ សាលិ នៅតែជាសិស្សឆ្នើម និង ពូកែ ដោយពិន្ទុប្រចាំខែ និង ប្រចាំ ឆមាស កន្លងមកនេះ ទទួលបានចំណាត់ថ្នាក់លេខ១។ អ្នកណាៗ ក៏សរសើរពីភាពវៃឆ្លាតរបស់ សាលិ ដែរ ព្រោះថាគេជាកូនចៅគ្រួសារក្រីក្រ នៅតំបន់ជនបទ ស្រុកស្រែចម្ការដាច់ស្រយាលសោះ គេនៅតែរៀនពូកែ ទោះបីជាទៅរៀននៅបរទេសជាមួយសិស្សចម្រុះជាតិសាសន៍ហើយក្តី គេនៅតែរៀនពូកែបានពិន្ទុនាំមុខគេទៀត៕