បានខ្ពស់មុខខ្ពស់មាត់ លីម តិចម៉េង មិនភ្លេចគុណលោកគ្រូភ្លេង ផ្ញើសារជូនពរយ៉ាងមានន័យ
តារាចម្រៀងវ័យក្មេងកំពុងឡើងកូដលើវិថីសិល្បៈ លីម តិចម៉េង ត្រូវបានមហាជនស្គាល់ច្បាស់ ជាសិល្បករដែលប្រសូត្រចេញពីកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ ដោយរូបគេបានឈ្នះពានរង្វាន់លេច ១ ក្លាយជា idol ក្នុងដួងចិត្តទស្សនិកជនជាច្រើន។
ចាប់តាំងពីទទួលបានតំណែងម្ចាស់ពានលេខ ១ ក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ មក លីម តិចម៉េង បានផ្លាស់ប្ដូរជោគវាសនាខ្លួនឯងទាំងស្រុង ដោយលោកមានការងារសិល្បៈចូលមកហូរហែ មិនថាការប្រគំតន្រ្តី ឬថតផ្សព្វផ្សាយពាណិជ្ជកម្មនោះទេ ធ្វើឱ្យតារាប្រុសរូបនេះ កែប្រែជីវភាពកាន់តែល្អប្រសើរ អាចរស់នៅក្នុងជីវិតដ៏ឡូយឆាយ មានកេរ្តិ៍ឈ្មោះល្បី ទៅណាមកណាមានតែគេស្គាល់។
ទោះបីជាពេលនេះ លីម តិចម៉េង មានភាពល្បីល្បាញយ៉ាងណាក្ដី ប៉ុន្ដែតារាប្រុសរូបនេះ ជាមនុស្សកតញ្ញូ ស្គាល់គុណបុណ្យច្បាស់លាស់ណាស់។ តួយ៉ាងនៅថ្ងៃខួបកំណើតលោកគ្រូភ្លេង សាន់ សុវណ្ណឌីន ដែលធ្លាប់ស្ដីប្រដៅណែនាំខ្លួនតាំងពីប្រឡងដល់បច្ចុប្បន្ន តិចម៉េង មិនភ្លេចសរសេរពាក្យក្នុងចិត្តជូនពរ បង្ហោះលើបណ្ដាញសង្គមឡើយ។
តិចម៉េង បានរៀបរាប់ថា ៖ «Happy Birthday លោកគ្រូ ម្សិលមិញមិនបានចូលរួម ព្រោះជាប់ការងារខនសឺតនៅខេត្ត រូបនេះរំឭកអនុស្សាវរីយ៍កាលនៅប្រឡង ជូនពរលោកគ្រូ មានសុខភាពល្អ មានការងារច្រើនៗ មានសុភមង្គលក្នុងគ្រួសារ ជៀសផុតពីជំងឺគ្រប់យ៉ាង ធ្វើដំណើរទៅណាមកណាមានតែសុវត្ថិភាព លោកគ្រូដូចជាឫស្សីដ៏ធំមួយគុម្ពសម្រាប់ទំពាំងជំនាន់ក្រោយដូចជាពួកខ្ញុំ»៕