ប្រពៃណីទំនៀមទម្លាប់នៃការរៀបអាពាហ៍ពិពាហ៍របស់ខ្មែរនៅតែបន្តមាន បើទោះបីជាស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា កំពុងតែបន្តកើនឡើង និង ពុំទាន់មានភាពធូរស្រាលនៅឡើយក្តី ។
នៅចំពោះមុខស្ថានភាពបែបនេះ និង ដើម្បីចូលរួមធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស តាមរយៈក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសពន្យារពេលនៃការរៀបមង្គលការ និង ពិធីបុណ្យទានផ្សេងៗ ដែលមានលក្ខណៈប្រមូលផ្តុំជាបណ្តោះអាសន្នសិន ។
ដើម្បីចូលរួមចំណែក និង ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល មានក្រុមគ្រួសារខ្លះបានរៀបចំពិធីតិចតួចដើម្បីបង្គ្រប់កិច្ចតាមបែបប្រពៃណី និង ដើម្បីឱ្យចាស់ទុំទាំងសងខាងបានដឹងឮ ។
យ៉ាងណាមិញ តាមរយៈគណនីហ្វេសប៊ុកឈ្មោះថា Dara Vuth បានបង្ហោះសារបង្ហាញអំពីពិធីមង្គលការមួយនៅទីជនបទ គ្រាន់តែក្រាលកន្ទេលតែមួយសន្លឹកនៅផ្ទាល់នឹងដី កៀនរបង ក្បែរគំនរចំបើង ដែលសូម្បីរោងការក៏គ្មានដែរ ពោលគឺយកមេឃធ្វើជារោង និង ធម្មជាតិជាភ្ញៀវ ដោយមានតែចាស់ទុំ និង សាច់ញាតិចូលរួមតិចតួចប៉ុណ្ណោះ ។
ស្ថិតក្នុងសភាពការនៃជំងឺកូវីដ-១៩ កំពុងវាយលុកនេះ ពិធីមង្គលការខាងលើ ត្រូវបានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ព្រោះជាការចូលរួមមួយដ៏សំខាន់ក្នុងកាត់បន្ថយហានីភ័យ ។
គួរឱ្យដឹងដែរថា តាមរយៈគណនីហ្វេសប៊ុកឈ្មោះថា Dara Vuth ខាងលើគ្រាន់តែបានបង្ហោះសារខ្លីថា «កម្មវិធីសម័យកូវីដ» ដោយមិនបានបញ្ជាក់ពីទីតាំងភូមិស្រុក ឬ ខេត្ត ដែលក្រុមគ្រួសារនោះបានប្រារព្ធធ្វើនៅទីណានោះទេ ៕ អត្ថបទ៖ ប្រជាប្រិយ