គេហទំព័រ Saostar នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានបង្ហាញថា មង្គលការមួយនៅក្នុងប្រទេសចិន បានប្រែក្លាយជាអាប់អួរ ខណៈកូនក្រមុំ ត្រូវបានភ្ញៀវមកចូលរួម នាំគ្នាលាន់មាត់ភ្ញាក់ផ្អើល និងរិះគន់ ក្រោយពីបានពីឃើញកូនក្រមុំ ស្ថិតក្នុងរ៉ូបអាពាហ៍ពិពាហ៍ពណ៌សដ៏ទាន់សម័យ ប៉ុន្តែ បង្ហាញស្នាមសាក់ដ៏ធំនៅកណ្តាលដើមទ្រូង។
បើតាមការឲ្យដឹងថា មានមនុស្សជាច្រើននៅក្នុងពិធីមង្គលការ រួមទាំងមិត្តភក្តិ និងសាច់ញាតិចាស់ទុំនៃគ្រួសារទាំងពីរ គឺសុទ្ធសឹងជាមនុស្សមានមុខមាត់ក្នុងសង្គម ហើយនៅពេលឃើញបែបនេះ ពួកគេសម្តែងការមិនពេញចិត្ត និងថាការបង្ហាញរបស់នាង គឺមិនសមរម្យសោះឡើយ។ ការរិះគន់ពីសាច់ញាតិ និងភ្ញៀវ គឺបានធ្វើឱ្យកូនក្រមុំមានសម្ពាធយ៉ាងខ្លាំង។
តាមសេចក្តីរាយការណ៍ ភ្ញៀវជាច្រើនក្នុងពិធីមង្គលការនោះ ពិតជាភ្ញាក់ផ្អើលមិនស្ទើរនោះទេ ដែលកូនក្រមុំ «លេងមួយទំហឹង» ជ្រើសរើសបង្អួតស្នាមសាក់បែបនេះ ជាជាងជ្រើសរើសសម្លៀកបំពាក់អាពាហ៍ពិពាហ៍ដែលសុភាពជាង។ អ្នកខ្លះថែមទាំងបានគិតថា នាងប្រហែលជាមានបុគ្គលិកលក្ខណៈប្លែកពីគេ ឬមានអតីតកាលមិនល្អហើយមើលទៅ។ ពួកគេក៏បានណែនាំម្តាយក្មេកឱ្យបង្រៀននាងពីរបៀបប្រព្រឹត្ត និងអាកប្បកិរិយារបស់ឡើងវិញផង។
ពិតណាស់ ភ្ញៀវក្នុងពិធីនោះបានលាន់មាត់ឮខ្លាំងណាស់ ដែលរហូតធ្វើឲ្យកូនក្រមុំដែលឈរលើឆាក បានគេចមុខចេញ ព្រោះខ្លួននាងផ្ទាល់មិននឹកស្មានថា ស្នាមសាក់របស់នាង នឹងធ្វើឱ្យមនុស្សជាច្រើនមិនពេញចិត្តនោះទេ។
តែទោះជាយ៉ាងណា នៅពេលនោះម្តាយរបស់កូនកំលោះសម្រេចចិត្តឡើងលើឆាក ដើម្បីចូលទៅនិយាយលួងលោម និងឱបកូនក្រមុំ ដើម្បីបង្ហាញក្តីស្រឡាញ់ និងស្វាគមន៍នាងចូលក្នុងគ្រួសារ ទោះអ្នកដទៃមិនពេញចិត្តក៏ដោយ ប៉ុន្តែគ្រួសាររបស់គាត់យល់ព្រមទទួលយក ដែលធ្វើឲ្យកូនក្រមុំក្តុកក្តួលយ៉ាងខ្លាំង រហូតទប់អារម្មណ៍មិនបាន យំឱបអនាគតម្ដាយក្មេក។
ក្រោយរឿងរ៉ាវនេះ ត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធឺណិត អ្នកលេងអ៊ីនធឺណិតជាច្រើនបានបញ្ចេញមតិសរសើរម្ដាយក្មេក ដែលអាចដោះស្រាយស្ថានការណ៍នេះឱ្យប្រសើរឡើងវិញ។ លើសពីនេះ ក៏មានមហាជនជាច្រើនបាននិយាយថា កូនក្រមុំនេះពិតជាសំណាងខ្លាំងណាស់ ដែលរៀបការជាមួយប្ដីគ្រួសារចិត្តល្អបែបនេះ ពិតជាកម្រណាស់៕