ខួបរៀបការ ១០ ឆ្នាំ ខាត់ សុឃីម ប្រាប់ថា ប្ដីដែលសង្ហាខ្លាំង គឺប្ដីមានទំនួលខុសត្រូវខ្ពស់ក្នុងគ្រួសារ(មានវីដេអូ)
ធ្មេចបើកៗ តារាស្រីពហុជំនាញ ខាត់ សុឃីម និង លោក អ៊ិន សុបញ្ញា ហៅ ផាណូ បានរៀបការសាងអនាគតរួមគ្នាប្រមាណ ១០ ឆ្នាំមកហើយ និង បានឆ្លងកាត់ជីវិតគូរួមគ្នា មានទាំងផ្អែមល្អែម មានទាំងការតស៊ូជម្នះរាល់ឧបសគ្គ។
ក្នុងរយៈពេល ១០ នេះដែរ អ្នកនាង ខាត សុឃីម និង លោក អ៊ិន សុបញ្ញា ក៏ទទួលបានចំណងដៃកូនស្រីម្នាក់គួរឱ្យស្រឡាញ់ និង បានសាងគ្រួសារតូចឱ្យរស់នៅពោរពេញដោយភាពកក់ក្តៅ និង មានសុភមង្គលផងដែរ។
យ៉ាងណាមិញ ក្នុងថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២២ នេះ តារាស្រីពហុជំនាញ ខាត់ សុឃីម បានឱ្យដឹងថាជាថ្ងៃខួបអាពាហ៍ពិពាហ៍ ១០ ឆ្នាំ រវាងអ្នកនាង និង លោក អ៊ិន សុបញ្ញា ជាស្វាមី ដោយក្នុងនេះអ្នកនាងក៏បានបង្ហាញអារម្មណរំភើបរីករាយយ៉ាងខ្លាំង ដែលបានចាប់ដៃស្វាមីដើរដល់ចំណុចនេះ ដែលមានគ្រប់រសជាតិជីវិតនោះ។
ជាមួយការបង្ហាញអារម្មណ៍នេះដែរ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហោះសារយ៉ាងមានន័យមួយទៀតលើបណ្តាញសង្គមហ្វេសប៊ុក តាមរយៈគណនីផ្ទាល់របស់អ្នកនាង ដោយអ្នកនាងបានរៀបរាប់ថា ៖ «១០ ឆ្នាំមានប៉ុន្មានដង? ពួកយើងធ្វើបានម្តងហើយ ពេលវេលាដ៏សែនកក់ក្ដៅ និង មានសេក្ដីសុខបំផុតសម្រាប់មនុស្សស្រីគឺ នៅពេលដែលខ្លួនបានក្លាយទៅជាម្ដាយគេ ហើយថែមទាំងមានដៃគូជីវិតពូកែយល់ចិត្ត និង ជួយទុក្ខធុរៈបំផុត។ លោកប្ដីដែលជះភាពសង្ហាខ្លាំង គឺជាលោកប្ដីដែលមានទំនួលខុសត្រូវខ្ពស់បំផុតក្នុងគ្រួសារ។ happy my anniversary 12/12/12…12/12/22»។
គួរឱ្យដឹងដែរថា តារាស្រីពហុជំនាញ ខាត់ សុឃីម បានសម្រេចចិត្តរៀបជាមួយលោក អ៊ិន សុបញ្ញា ហៅ ផាណូ ដែលមានអាយុប្អូនសឹងមួយជួរ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០១២ កន្លងទៅ ជាមួយពិធីយ៉ាងធំដុំ។ ក្រោយរៀបការរួច អ្នកនាង ខាត់ សុឃីម និង ស្វាមី បានរួមរស់ដើរផ្លូវជីវិតរួមគ្នា កាន់ដៃគ្នារកស៊ី បង្កើតសុភមង្គលក្នុងគ្រួសារយ៉ាងកក់ក្តៅ៕