(វីដេអូ) ឈរលើឆាកប្រទេសថៃមែន តែ វណ្ណដា រំលឹកដល់លោកតា គង់ណៃ និង ប្រទេសកម្ពុជា យ៉ាងមោទកភាព
កាលពីរាត្រីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ កំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជា លោក វណ្ណដា បានសម្ដែង នៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំគឺ «Big Mountain Music Festival 12 Block Stage» នៅឯតំបន់ The Ocean Khao Yai ក្នុងប្រទេសថៃ។
ក្នុងនោះគេសង្កេតឃើញថា លោកបានសម្ដែងបទចម្រៀងជាច្រើនរបស់ខ្លួន នៅលើឆាក Block Stage ដែលជាឆាកទី ១ នៃរាត្រីនោះរបស់លោក។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជនជាច្រើនចាប់អារម្មណ៍នោះគឺ មុនពេលដែលតារារ៉េបរូបនេះសម្ដែងជាមួយនឹងបទ «Time To Rise» លោកបានរឭកនឹកដល់ចាស់ព្រឹទ្ធាចារ្យលោកតា គង់ណៃ មុនគេ ដោយលោកបានពោលយ៉ាងជាទីមោទកៈថា ៖ «អរគុណលោកតាសម្រាប់គ្រប់យ៉ាង អរគុណដល់ផលិតកម្មបារមី ហើយក៏អរគុណដល់អ្នកដែលធ្វើឱ្យរឿងមួយនេះកើតឡើង»។ លោកក៏បន្ថែមទៀតដែរថា៖ «បើសិនជាអត់មានបទ Time To Rise លោកក៏មិនអាចឈរលើឆាកមួយនេះ បានដែរ»។
មិនតែប៉ុណ្ណោះ នៅពេលដែលលោកបាននិយាយពាក្យថា «ខ្ញុំស្រឡាញ់អ្នក» ជាភាសាថៃ រួចហើយលោកក៏បន្ថែមពាក្យថា «I love Thailand» បន្ទាប់មកលោកថែមទាំងស្រែកថា «ខ្ញុំស្រឡាញ់កម្ពុជា» យ៉ាងនៅមុខអ្នកគាំទ្រថៃ ពេញឆាក Block Stage តែម្ដង៕