រាជធានីភ្នំពេញ ៖ ហាងពេជ្រព្រីនស៍ ដាយមិន ដែលគេស្គាល់ថា មានលោកស្រីសេងសុគន្ធា ជាម្ចាស់ហាង បានលក់ពេជ្រក្លែងក្លាយឲ្យអតិថិជនជាង១០០នាក់ដែលរងគ្រោះ និងបានបញ្ជាក់ថា នេះជាពេជ្រសុទ្ធ ហើយមានឯកសារត្រឹមត្រូវ ។
ជាក់ស្តែង នៅរសៀលថ្ងៃទី៩ ខែធ្នូ នេះ មានជនរងគ្រោះដែលជាអតិថិជនប្រមាណជា៣០នាក់បានកាន់លិខិតទិញ-លក់គ្រឿងពេជ្រចេញពីហាង ព្រីនស៍ ដាយមិន នៅខាងមុខហាងតែម្តង ដែលពួកគេបានលើកឡើងថា ពួកគេបានទិញគ្រឿងពេជ្រចេញពីហាងព្រីន៍ ដាយមិន តាំងពីអំឡុងខែមេសា ឆ្នាំ២០២២ ដែលម្ចាស់ហាងមានការធានាថា ជាពេជ្រសុទ្ធ ហើយបើសិនអថិតិជនចង់មកលក់ឲ្យហាងវិញ ហាងនឹងទទួលទិញវិញ តែនៅពេលដែលអតិថិជនបានយកគ្រឿងពេជ្រមកលក់វិញ ខាងហាង ព្រីនស៍ ដាយមិន ក៏ចេះតែដោះសារនេះដោះសារនោះ មិនព្រមទទួលទិញគ្រឿងពេជ្រពីអតិថិជនវិញឡើយ ។
ជនរងគ្រោះបន្តទៀតថា លុះមកដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ហាងព្រីនស៍ ដាយមិន ទាំងពីរសាខា បានបិទទ្វារចោល ហើយក្រុមជនរងគ្រោះក៏ទាក់ទងទៅចាងម្ចាស់ហាងខាងលើលែងបានទៀតដែរ ហើយក្រុមជនរងគ្រោះក៏បានយកពេជ្រដែលពួកគេទិញ ពីហាងព្រីនស៍ ដាយមិន ទៅពិនិត្យ និងលក់ឲ្យហាងផ្សេងទៀត ស្រាប់តែពេលពិនិត្យ ខាងហាងផ្សេងទៀតដែលក្រុមជនរងគ្រោះយកពេជ្រទៅលក់បានប្រាប់ថា ទាំងនេះមិនមែនជាពេជ្រសុទ្ធនោះ តែខ្លះជាស្នាយ ហើយខ្លះជាពេជ្រចិញ្ចឹម ។
បន្ទាប់មក នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ពួកគេក៏បានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីជួយអន្តរាគមន៍ តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយអ្វីទាំងអស់ រួមទាំងមិនអាចទាក់ទងទៅម្ចាស់ហាង ព្រីនស៍ ដាយមិន ដែលលក់ពេជ្រក្លែងក្លាយឲ្យពួកគេ។
ចំពោះដំណោះស្រាយដែលក្រុមជនរងគ្រោះចង់បាន សុំត្រឹមឱ្យម្ចាស់ហាងចូលខ្លួន មកដោះស្រាយទទួលទិញពេជ្រពីក្រុមរងគ្រោះវិញតែប៉ុណ្ណោះ ។ បើសិនក្នុងករណីម្ចាស់ហាងមិនចូលខ្លួននោះទេ ពួកគេនឹងរកមេធាវីដាក់ពាក្យបណ្ដឹងទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
សូមទស្សនាវីដេអូខាងក្រោម៖