ទេព បូព្រឹក្ស សរសើរខ្លួនឯងជាអ្នកម៉ាក់ស្អាតផុតលេខ រីឯ ជី ដេវីត ក៏ពូកែសម្ដីទៅទៀត
កាលពីថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ កន្លងទៅ តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសពីដំណឹងល្អកំពុងពពោះ ដែលជាតំណក់ឈាមរួមគ្នាជាមួយតារាចម្រៀងរ៉េប ជី ដេវីត ក្រោយពីសាងចំណងស្នេហ៍នឹងគ្នារយៈពេល ៦ ឆ្នាំមក។
ក្រោយប្រកាសក្លាយជាអ្នកម៉ាក់លើកដំបូងហើយនោះ មហាជនក៏បានសង្កេតឃើញថាតារាចម្រៀង ទេព បូព្រឹក្ស ក៏ហាក់ទទួលបានក្តីស្រឡាញ់ និង ការមើលថែខ្លាំងឡើងពី ជី ដេវីត ជាគូស្នេហ៍ទ្វេដងដែរ។
យ៉ាងណាកាលពីយប់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ ប៉ាម៉ាក់វ័យក្មេងមួយគូខាងលើនេះ ក៏បានបង្ហោះសារគួរឱ្យចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រ ដោយដំបូងឡើយ ទេព បូព្រឹក្ស បានបង្ហោះរូបភាពយ៉ាងស្រស់ស្អាតពេលកំពុងពពោះដោយរៀបរាប់ថា៖ «ម៉ាក់ៗ ថតរូបស្អាតៗទុកឱ្យកូនមើល ថាកំណើតកូនម៉ាក់ ម៉ាក់ៗ Cute ផុតលេខ»។ ភ្លាមនោះ មិនបង្អង់យូរ ជី ដេវីត ក៏បានចែករំលែករូបភាពរបស់ ទេព បូព្រឹក្ស នឹងសរសេររៀបរាប់ស្រដៀងៗនឹងគ្នាដែរថា៖ «ប៉ាៗគេអ្នកសង្ហាដែរនិយាយទៅ»។
ក្រោយពីបានឃើញសារបង្ហោះរបស់ ប៉ាម៉ាក់វ័យក្មេងខាងលើនេះហើយ អ្នកគាំទ្រក៏លើកឡើងថា ទេព បូព្រឹក្ស ក៏ស្អាត រីឯ ជី ដេវីត ក៏សង្ហា ដូច្នេះកូនសម្រាលមកប្រាកដជាឃ្យូតខ្លាំងមិនចាញ់ប៉ាម៉ាក់ឡើយ៕