រាជធានីភ្នំពេញ ៖ កុមារា ហ៊ឺ ទៀងគីមហុង ដែលកន្លងមក ធ្លាប់ត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានហៅថា «ជាមនុស្សទេព» នោះ បានចូលរួមប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២២ ដែលទើបតែបញ្ចប់ទៅកាលពីថ្ងៃអង្គារ៍ ទី៦ ខែធ្នូ ម្សិលមិញនេះ។ ស្ថិតក្នុងវ័យត្រឹមតែ១៣ឆ្នាំ កុមារា ហ៊ឺ ទៀងគីមហុង ត្រូវបានចាត់ទុកថា ជាបេក្ខជនប្រឡងបាក់ឌុបដែលវ័យក្មេងបំផុតនៅកម្ពុជា។
លោក ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍យ៉ាងដូច្នេះថា «ពូពិតជាសប្បាយរីករាយ និងសូមអបអរសាទរក្មួយ ហ៊ឺ ទៀងគីមហុង ដែលបានខិតខំរៀនសូត្រ រហូតឈានដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ដែលទើបបានបញ្ចប់នៅថ្ងៃទី០៦ ធ្នូ នេះ។ ផ្អែកលើសមត្ថភាពដ៏ពិសេសនេះ ពូសង្ឃឹមថា ក្មួយនឹងប្រឡងជាប់ជាក់ជាមិខាន»។
បន្ថែមពីលើនេះ លោក ដួង តារា បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកនារាត្រីថ្ងៃទី៦ ខែធ្នូ បង្ហាញការអរគុណដល់ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយកប៊ែលធី គ្រុប (Beltei) និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ដែលបានផ្តល់អាហារូបករណ៍ដល់ក្មួយអោយទទួលបានការសិក្សានៅសាលាប៊ែលធីអន្តរជាតិ រហូតមកទល់ពេលនេះ និងសូមអរគុណលោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុកដាក់អប់រំបង្ហាត់បង្រៀនក្មួយហុងអោយក្លាយជាកូនសិស្សល្អប្រកបដោយសមត្ថភាពខ្ពស់។ «ខ្ញុំបាទ សូមគោរពអរគុណ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទំនុកបម្រុងឧបត្ថម្ភជម្រកស្នាក់នៅ ព្រមទាំងថវិកាឧបត្ថម្ភដល់ការសិក្សារបស់ក្មួយ គីមហុង និងក្រុមគ្រួសារនៅក្នុងរាជធានីភ្នំពេញ»។
នេះជាការលើកឡើងរបស់លោក ដួង តារា ដោយលោកបន្តថា «ពូមានជំនឿ និងសង្ឃឹមយ៉ាងមុតមាំលើសមត្ថភាពក្មួយ គីមហុង និងសូមជូនពរក្មួយឲ្យប្រឡងបានជាប់បាក់ឌុបជាស្ថាពរ»។
សូមរម្លឹកថា កុមារា ហ៊ឺ ទៀងគីមហុង ជាក្មេងប្រុសឆ្លាតមួយរូប និងលេចធ្លោខ្លាំង រហូតត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីអំឡុងខែកក្កដា ឆ្នាំ២០០៧ អនុញ្ញាតឱ្យចូលជួប។ កាលនោះនៅជំនួបនោះ គឺមានកុមារ ហ៊ឺ ទៀងគីមហុង ក្រុមគ្រួសារកុមារ លោកគ្រូទាំងពីររូប និងសម្តេចផ្ទាល់។
នៅជំនួបប្រមាណជិត២ម៉ោង នៅភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន ជាមួយនឹងការសាកល្បងផ្ទាល់ពីសម្តេចនាយករដ្ឋមន្ត្រីផងនោះ សម្តេចបានកោតសរសើរពីសមត្ថភាពរបស់ កុមារ ហ៊ឺ ទៀងគីមហុង និងបានហៅកុមារា គីមហុង ថា «ជាមនុស្សទេព» ហើយប្រហែលជាមិនមានមនុស្សពិសេសបែបនេះទេនៅលើពិភពលោក ។
កាលគ្រានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានប្រៀបប្រដូច កុមារ ហ៊ឺ ទៀងគីមហុង ជាជំនួយការរបស់មេបញ្ជាការយោធា នាយសេនាធិការកងទ័ពគ្រប់កម្រិតក្នុងផ្នែកផែនទី ឬជំនួយសេនាធិការផ្នែកកលយុទ្ធ រីឯលោកនាយករដ្ឋមន្ត្រី គឺជាមេបញ្ជាការយោធានៅសមរភូមិមួយ។ ក្នុងនាមលោកជាមេបញ្ជាការនៅសមរភូមិ លោកត្រូវការផ្តល់ជំនួយដោយកាំភ្លើ.ងធំ និងកងទ័ពជើងអាកាសទៅកាន់ទីតាំងមួយ ទើបប្រាប់កុមារ គីមហុង ឱ្យរកគោលដៅ និងចម្ងាយ។
គ្រាន់តែបែរមកនិយាយជាមួយឪពុកម្តាយរបស់ គីមហុង មិនបានប៉ុន្មានម៉ាត់ផង គីមហុង បានរកឃើញរួចស្រេចទៅហើយ។ ការរកឃើញចំណុចទីតាំង និងចម្ងាយលើផែនទីក្នុងរយៈពេលដ៏ខ្លីតាមរយៈកុំព្យូទ័ររបស់ចៅខ្លួននេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ភ្ញាក់ផ្អើល នឹកស្មានមិនដល់។ សម្តេចបានពោលសរសើរកុមារ ហ៊ឺ ទៀងគីមហុង កាលគ្រានោះថា « គីម ហុង មានសមត្ថភាពច្រើនជាងខ្ញុំលើការប្រើកុំព្យួទ័រ នេះជាការពិតមួយដែលខ្ញុំត្រូវតែទទួលយក។ តាទទួលរ៉ាប់រងទាំងអស់លើការឈានឡើងរបស់ចៅ»។
នៅពេលពោលដល់ចំណុចនេះ យើងខ្ញុំក៏សូមរំឭកជូនផងដែរ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបផ្ទាល់ជាមួយក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ របស់កុមារ ហ៊ឺ ទៀងគីមហុង នៅភូមិគ្រឹះលោក កាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ ថា បន្ទាប់ពីទទួលព័ត៌មានអំពីកុមារម្នាក់ ដែលមានអាយុទើបតែ៧ឆ្នាំ ប៉ុន្តែមានសមត្ថភាពអស្ចារ្យអាចដោះស្រាយលំហាត់គណិតវិទ្យាថ្នាក់ទី១២ បានយ៉ាងល្អនោះ៕
សូមទស្សនាវីដេអូខាងក្រោម៖