រាជធានីភ្នំពេញ ៖ ប្រិយមិត្តអ្នកតាមដានប្រាកដជាស្គាល់ហើយ តារាចម្រៀងមាឌតូចល្អិត តែសម្តីថ្លោស នាយ ពេជ្រ ថៃ ដែលប្អូនប្រុសទើបតែបញ្ចប់ការប្រឡងសញ្ញាបត្រទុតិយភូមិ (ប្រឡងបាក់ឌុប) ដែលបញ្ចប់ទៅកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២កន្លងទៅនេះ។ ក្រោយបញ្ចប់ការប្រឡងភ្លាម ពេជ្រ ថៃ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក សុំការយោគយល់ និងអភ័យទោសដែលរូបខ្លួនបានបដិសេធការងារកន្លងមក។
ប្រាកដណាស់ កំលោះតូចល្អិត អត់ព្រមធំរូបនេះ ធ្លាប់ធ្វើអោយកក្រើកកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia កាលពីឆ្នាំ២០១៧ ដោយសារតែសមត្ថភាពបកស្រាយបទចម្រៀងបានយ៉ាងល្អ រហូតក្លាយជាម្ចាស់ពានរង្វាន់នៃកម្មវីធីប្រឡងចម្រៀងលំដាប់អន្តរជាតិនេះ។
ហើយមកដល់ពេលនេះ ពេជ្រ ថៃ គឺជាតារាចម្រៀងរបស់ផលិតកម្មហង្សមាស និងនៅតែរក្សាបាននៅការគាំទ្រ ក៏ដូចជាប្រជាប្រិយភាពយ៉ាងច្រើនកុះករពីសំណាក់មហាជន។
បើងាកមកសារដែលកំលោះតូច ពេជ្រ ថៃ បានបង្ហោះលើបណ្តាញសង្គមវិញ គឺតារាចម្រៀងរូបនេះ បានសរសេរសារមានខ្លឹមសារទាំងស្រុងថា «ជម្រាបសួរបាទ ពុកម៉ែបងប្អូនទាំងអស់គ្នា ព្រមទាំងលោកពូ អ្នកមីង ដែលជាម្ចាស់ខនសឺត និងកម្មវិធីជាច្រើនដែលខ្ញុំបាទបានបដិសេធ មិនបានទទួល ព្រោះខ្ញុំបាទជាប់ការមើលមេរៀនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមលោកពូអ្នកមីងអធ្យាស្រ័យឲ្យខ្ញុំបាទផង»។
ជាមួយគ្នានោះ ពេជ្រ ថៃ ក្រោយប្រឡងចប់បាក់ឌុប មានន័យថា រូបខ្លួនទំនេរ ដូច្នេះហើយលោកប្អូនល្អិតរូបនេះ បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៧ ខែធ្នូ នេះ គឺរូបប្អូននឹងចាប់ផ្ដើមទទួលគ្រប់កម្មវិធីទាំងអស់ឡើងវិញ និងសូមអភ័យទោសដល់ពុកម៉ែបងប្អូនអ្នកគាំទ្រខ្ញុំបាទ ដែលឆាតមកលេង និងសួរសុខទុក្ខ ដែលខ្ញុំបាទមិនបានតប ខ្ញុំបាទនឹងព្យាយាមតបរាល់សារពីពុកម៉ែបងប្អូនឡើងវិញ បន្ទាប់ពីប្រឡងរួចសូមអរគុណបាទ»។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព កំលោះតូច ពេជ្រ ថៃ ចង់ប្រាប់ទៅពុកម៉ែ បងប្អូនថា ក្រោយពេលបានប្រឡងសញ្ញាបត្រមធម្យសិក្សាទុតិយភូមិចប់ កំលោះតូចរូបនេះពិតជាសប្បាយចិត្តជាខ្លាំង ព្រោះរាល់គ្រប់វិញ្ញាសារទាំងអស់ គឺធ្វើបានច្រើន ដោយមូលហេតុម្ចាស់ពានរូបនេះតែងតែខិតខំប្រឹងប្រែងរៀនសូត្រ ហើយភាគរយនៃការប្រឡងជាប់ គឺមានការសង្ឃឹមច្រើន។
កំលោកតូច ពេជ្រ ថៃ បន្តថា ទោះបីរាល់ថ្ងៃមមាញឹកជាមួយការងារសិល្បៈ ក៏លោកនៅតែព្យាយាមជាមួយការសិក្សា សូម្បីតែថ្ងៃចុងសប្តាហ៍ក៏ដោយ ក៏ត្រូវទៅរៀនដែរ ព្រោះគោលបំណងដ៏ធំរបស់លោក គឺចង់ប្រឡងជាប់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយចំណុចដែលកំលោះតូចរូបនេះ ចង់ទម្លាយអោយមហាជនដឹងនោះ ប្រសិនបើប្រឡងជាប់បាក់ឌុប នោះ លោកនឹងរៀនជំនាញផ្នែកច្បាប់ ព្រោះជំនាញមួយនេះលោកពិតជាស្រឡាញ់ ហើយនឹងចូលចិត្តខ្លាំងណាស់។
ពេជ្រ ថៃ បានបន្តថា លោកប្រឡងនៅមណ្ឌលសកលវិទ្យាល័យបៀលប្រាយបាត់ដំបង ដោយមានបេក្ខជនច្រើនហួសពីការរំពឹង ហើយចម្ងាយពីផ្ទះរបស់លោកមកមណ្ឌល គឺឆ្ងាយគួរសម្យ។ ពេជ្រ ថៃ បន្ថែមថា ការប្រឡងប្រព្រឹត្តទៅពិតជាសុក្រឹតជាទីបំផុតសម្រាប់បេក្ខជន ជាពិសេសកំលោះរូបនេះថែមទាំងពោលពាក្យយ៉ាងចុកដោតថា អ្នកចេះគឺជាប់ ហើយបើសម្រាប់លោកផ្ទាល់ទាក់ទងជាមួយវិញ្ញាសាចេញប្រឡងវិញ គឺសមល្មមជាមួយសមត្ថភាពរបស់លោក ហើយម្ចាស់ពានរដូវកាលទី១រូបនេះ ក៏មានក្តីរពឹង ក៏ដូចជាការសង្ឃឹមច្រើនផងដែរ។
កំលោះតូច ពេជ្រ ថៃ ដែលឆ្នាំ២០២២ នេះមានវ័យ១៧ឆ្នាំ បានបន្តថា កត្តាដែលលោកចង់បន្តការសិក្សានោះ ដោយលោកចង់សម្រេចក្តីបំណងរបស់ខ្លួន ជាពិសេសក្រៅពីការងារជាអ្នកសិល្បៈ លោកក៏ចង់បម្រើការងារជួយដល់សង្គម ក៏ដូចជាប្រទេសជាតិផងដែរ។
ជាចុងក្រោយ ពេជ្រ ថៃ ជូនពរដល់មហាជន ហើយនឹងអ្នកគាំទ្រអោយជួបតែសំណាងល្អ សុខភាពល្អ ធ្វើដំណើរទៅណាអោយជួបតែសុត្ថិភាព និងអរគុណដល់ហ្វេនទាំងអស់ដែលតែងតែគាំទ្រលោកអោយទទួលភាពល្បាញល្បីរហូតមកដល់បច្ចុប្បន្ននេះ៕