រាជធានីភ្នំពេញ៖ លោក យ៉ង សាំងកុមារបានធ្វើអោយផ្ទុះការរិះគន់និងការសាទរនៅពេលដែលលោកសម្រេចចាកចេញពីគណបក្សរបស់លោក គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីអ្វីដែលលោកនិយាយថា ជួយដល់វិស័យកសិកម្មដោយធ្វើអោយកសិករកម្ពុជាកាន់តែរស់បានស្រួលជាងមុន។
ជាមួយនឹងជំនាញកសិកម្មរបស់លោក តើលោក យ៉ង សាំងកុមារ នឹងអាចជួយដល់កសិករកម្ពុជាអោយមានជីវភាពកាន់តែប្រសើរបានដែរឬទេ?កាលពីចុងខែវិច្ឆិកាកន្លងទៅ លោក យ៉ង សាំងកុមារ រួមទាំងអ្នកជំនិតរបស់លោកយ៉ាងហោចណាស់២រូបទៀត បានចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលលោកបានចូលរួមបង្កើត និងដឹកនាំធ្វើនយោបាយ អស់ពេល៧ឆ្នាំ ចាប់ពីឆ្នាំ២០១៥។ លោក យ៉ង សាំងកុមារ ដែលជាបណ្ឌិតផ្នែកកសិកម្មបានអះអាងថា លោកចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់វិស័យកសិកម្ម ហើយចំពោះមុខនេះ គឺជួយលើបញ្ហាស្រូវអង្ករដែលកំពុងធ្លាក់ថ្លៃ។
នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ លោក យ៉ង សាំងកុមារ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។រីឯអ្នកស្និទ្ធនឹងលោក២រូបទៀត ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងវិធានការជួយដល់បញ្ហាស្រូវអង្ករនៅកម្ពុជា លោកបណ្ឌិត យ៉ង សាំងកុមារ បានជួប និងបង្ហាញជូនផ្ទាល់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជា ជម្រាបជូនរដ្ឋមន្ត្រីកសិកម្មនូវគោលការណ៍១២ចំណុចរបស់លោក ដែលរួមមាន ៖ ពង្រឹង និងពង្រីកការស្រាវជ្រាវផលិត និងផ្គត់ផ្គង់គ្រាប់ពូជស្រូវសុទ្ធល្អដល់កសិករ (ពូជដែលមានតម្រូវការខ្ពស់លើទីផ្សារ) បណ្ដុះបណ្ដាលណែនាំ និងផ្ដល់យោបល់ដល់កសិករ ជាពិសេសលើការប្រើប្រាស់ពូជធាតុចូល និងការគ្រប់គ្រងក្រោយពេលប្រមូលផល រៀបចំឲ្យមានប្រព័ន្ធគ្រប់គ្រងទិន្នន័យកសិករអ្នកផលិតស្រូវ ដោយធ្វើបច្ចុប្បន្នភាពរាល់រដូវ និងរៀបចំឲ្យមាន និងពង្រឹងសហគមន៍កសិករអ្នកផលិតនៅតាមភូមិ ឃុំ ដោយមានកន្លែងប្រមូលផ្ដុំ កន្លែងសម្ងួត និងឃ្លាំងស្តុកស្រូវជាដើម។
ក្រៅពីចំណុចខាងលើ លោក យ៉ង សាំងកុមារ ក៏លើកឡើងថា មានចំណុចពាក់ព័ន្ធសំខាន់ៗផ្សេងទៀតដូចជា ធារាសាស្ត្រ គ្រឿងយន្តកសិកម្មជាដើម ដើម្បីអនុវត្តនូវផែនការជួយដល់វិស័យស្រូវអង្ករនៅកម្ពុជា។
ក្នុងវិធានការទាំង១២ចំណុចនោះ លោក យ៉ង សាំងកុមារ ត្រូវការពេល៥ឆ្នាំ ហើយបើបានជោគជ័យនោះយើងអាចជួយដោះស្រាយបញ្ហាជូនគ្រួសារកសិករខ្មែរជាង១លានគ្រួសារបានល្អប្រសើរ។នោះ គឺការរៀបចំឲ្យមានគម្រោង «សង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករកម្ពុជា» ដែលមានគោលបំណងធ្វើឱ្យកសិករមានសមត្ថភាពផលិតស្រូវដែលមានគុណភាពល្អសម្រាប់ផ្គត់ផ្គង់ទីផ្សារជាមួយថ្លៃដើមទាប និងទទួលបានតម្លៃសមរម្យ ព្រមទាំងរោងម៉ាស៊ីនកិនស្រូវទទួលបានស្រូវល្អក្នុងតម្លៃសមរម្យ សម្រាប់កែច្នៃលក់មកកាន់ទីផ្សារក្នុងស្រុក និងក្រៅ ប្រទេស។
លោក យ៉ង សាំងកុមារ បានអះអាងជាថ្មីថាលោកនឹងចាប់ផ្តើមការងារក្នុងរាជរដ្ឋាភិបាល នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។តាមគ្រោងទុក លោកនឹងធ្វើការផ្តោតលើការកសាងសង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករជាមួយតួអង្គសំខាន់ៗដូចជា កសិករ រោងម៉ាស៊ីនកិនស្រូវ អ្នកផលិតពូជ ធនាគារ និងតួអង្គពាក់ព័ន្ធនានា ដើម្បីធ្វើការរួមគ្នាសម្រេចគោលបំណងរួម។ការកសាងគម្រោងសង្វាក់ផលិតកម្ម និងទីផ្សារស្រូវអង្ករ ដើម្បីផលប្រយោជន៍កសិករអ្នកពាក់ព័ន្ធ និងសង្គមជាតិទាំងមូល ដោយស្មារតីទទួលខុសត្រូវខ្ពស់។យើងត្រូវការពេល៥ឆ្នាំ ដើម្បីធ្វើកិច្ចការនេះឲ្យបានជោគជ័យទូទាំងប្រទេស។
លោក យ៉ង សាំងកុមារក៏បានលើកឡើងថា សម្រាប់ការងារជាមួយកសិករយើងចាប់ផ្តើមពីការលើកស្ទួយការប្រើប្រាស់ពូជសុទ្ធល្អដែលឆ្លើយតបទៅនឹងតំរូវការទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិតស្រូវ ដែលជាវិធានការអាចជួយឲ្យកសិករបង្កើនប្រាក់ចំណូលពីមុខរបរធ្វើស្រែ។
សូមបញ្ជាក់ថា កើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៦៦ លោកបណ្ឌិត យ៉ង សាំងកុមារ បានរៀនចប់ថ្នាក់បណ្ឌិតកសិកម្ម នៅសកលវិទ្យាល័យ ឡែបស៊ិក នៃប្រទេស អាល្លឺមង់ នៅឆ្នាំ១៩៩៥ បន្ទាប់ពីចំណាយពេលសិក្សា និងរស់នៅទីនោះ អស់រយៈពេលជិត ១១ឆ្នាំ (១៩៨៤-១៩៩៥)។បន្ទាប់ពីរៀនចប់ពីអាល្លឺម៉ង់ នៅឆ្នាំ១៩៩៥ លោកយ៉ងសាំងកុមារ បានបង្រៀនកសិកម្ម នៅសកលវិទ្យាល័យ ភូមិន្ទកសិកម្ម (ចំការដូង) រហូតដល់ឆ្នាំ២០០៣។ លោក យ៉ង សាំងកុមារ ជាស្ថាបនិក និងនាយក/ប្រធាន អង្គការសេដាក (CEDAC) ពីឆ្នាំ១៩៩៧-២០១៥។
លោកក៏ជាស្ថាបនិករោងម៉ាស៊ីនកិនស្រូវសរីរាង្គកសិករ សេដាក និងសហគមន៍ទីផ្សារកសិផលធម្មជាតិ ក្រុមហ៊ុននាំចេញកសិផលសរីរាង្គផងដែរ។ នៅឆ្នាំ២០១៥ លោក យ៉ង សាំងកុមារ បានលាឈប់ពីប្រធានអង្គការកសិកម្មសេដាក ហើយទៅចូលរួមបង្កើតគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) ជាមួយលោក យ៉េង វីរៈ រួមទាំងអតីតប្រធានអង្គការក្រៅរដ្ឋាភិបាលជាច្រើនទៀត។
ដូច្នេះតាមបទពិសោធន៍ធ្វើជាគ្រូបង្រៀនកសិកម្ម៨ឆ្នាំជាប្រធានអង្គការកសិកម្មសេដាក ដែលធ្វើការជាមួយកសិករ១៨ឆ្នាំ និងជាអ្នកយោបាយ៧ឆ្នាំផងលោក យ៉ង សាំងកុមារ គិតថា លោកអាចមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើការងារកសិកម្ម ជាពិសេសលើបញ្ហាស្រូវអង្ករ ជាមួយនឹងប្រជាកសិករ ដែលលោកបានកសាងបណ្តាញចាប់តាំងពីបង្កើតអង្គការសេដាក នៅឆ្នាំ១៩៩៧។
ប៉ុន្តែនៅក្នុងជួររាជរដ្ឋាភិបាល ពិសេសនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមិនខ្វះអ្នកចេះក្នុងជំនាញកសិកម្មនោះឡើយ។ ដូច្នេះនៅពេលលោកយ៉ង សាំងកុមារ ដែលជាមនុស្សខាងក្រៅចូលទៅធ្វើការងារ កសិកម្ម ខាងស្រូវអង្ករនេះតើលោក និងក្រុមរបស់លោក អាចស្វែងរកកិច្ចសហការជាមួយអ្នកនៅក្នុងក្រសួង និងនៅតាមមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមបណ្តាខេត្តបានឬទេ?
ជាមួយគ្នានោះ តើលោកយ៉ង សាំងកុមារ អាចទប់ទល់នឹងប្រតិកម្មពីមហាជនមួយចំនួន និងពីមន្ត្រីជំនាញ នៅក្នុងក្រសួងកសិកម្មក៏ដូចជាពីប្រជាកសិករ និងខាងរោងម៉ាស៊ីនកិនស្រូវបានកម្រិតណា?តើលោកនឹងអាចធ្វើអោយ សម្រេចសិបិន្តរបស់កសិករកម្ពុជាដែលកំពុងត្រូវការជំនួយដើម្បីធ្វើអោយជីវិភាពរបស់ពួកគេកាន់តែប្រសើរដែរឬទេ?
ទាំងអស់នេះ សុទ្ធតែជាសំនួរ ដែលលោក យ៉ង សាំងកុមារ ត្រូវឆ្លើយ និងស្វែងរកការគាំទ្រពីមន្ត្រីជំនាញ ក្នុងក្រសួងមន្ទីរផង និងពីកសិករ ដែលលោកខំប្រឹងកសាងបណ្តាញ ចាប់តាំងពីឆ្នាំ១៩៩៧ ក្នុងអង្គការកសិកម្មសេដាក។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក យ៉ង សាំងកុមារ បានកំណត់ពេលវេលាឱ្យខ្លួនលោករហូតដល់៥ឆ្នាំ ទើបអាចសម្រេចតាមផែនការ១២ចំណុចរបស់លោក។
ដូច្នេះមានតែពេលវេលាទេជាអ្នកសម្រេច។ ក្នុងនោះ៥ឆ្នាំបន្តទៅមុខ គេសង្ឃឹមថា លោក យ៉ង សាំងកុមារ និងរដ្ឋមន្ត្រីថ្មីវ័យក្មេង ឌិត ទីណា អាចសម្រេចគោលដៅរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសឱ្យបានយ៉ាងតិច១លានតោន ក្នុង១ឆ្នាំ។
កន្លងមក ផែនការនាំចេញអង្ករយ៉ាងតិច១លានតោនក្នុង១ឆ្នាំនេះ គឺមិនទាន់ជោគជ័យទេ ដោយសារតែហេតុផលជាច្រើន។ក្នុងនោះ មានទាំងការខ្វះទុនទិញស្រូវ និងខ្វះឡសម្ងួត តាមរោងម៉ាស៊ីនកិនស្រូវ ជាដើម៕