ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងច្រើន ពីមង្គលការដ៏ធំនៅចុងឆ្នាំ ២០២២ ដែលបានប្រារព្ធឡើងនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ របស់គ្រួសារអភិជនអ្នកមានមុខមាត់ក្នុងសង្គមកម្ពុជា ដែលបានរៀបចំឡើងនូងគ្រឿងព័ស្ដុភារបណ្ដាការរៀបជាជួរៗសុទ្ធសឹងតែជារបស់មានតម្លៃ ប្រណីតៗ ព្រមជាមួយការរៀបចំតុបតែងលម្អ មានផ្កាស្រស់ចម្រុះពណ៌ប្រកបដោយក្បូរក្បាច់រចនាស្រស់ស្អាតត្រជាក់ភ្នែក ប្រៀបដូចឋានសួគ៌លើដី។
ពិធីសិរីសួស្ដីជ័យមង្គលដ៏គគ្រឹកគគ្រេងនេះផងដែរ ត្រូវបានគេដឹងថា ជាមង្គលការរបស់វង្សត្រកូលអ្នកអភិជនជាន់ខ្ពស់ ដោយកូនកំលោះឈ្មោះ ប៉ែន សំអាត សុទ្ធចិត្ត ជាកូនប្រុសរបស់លោកជំទាវ ហាក់ ស្រីទូច និង លោកបណ្ឌិត ប៉ែន សំអាត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង ជាអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចំណែកឯកូនក្រមុំមានឈ្មោះ អ៊ាង និធិជ្ជនី ដឺណេ ជាចៅស្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និង ត្រូវជាកូនស្រីរបស់ឯឧត្តម អ៊ាង សុផល្លែត និង លោកជំទាវ ជា សុផាកន្នី។
ពិធីដ៏អធិកអធមខាងលើ បានប្រារព្ធឡើងនៅភូមិគ្រឹះដ៏ធំស្កឹមស្កៃមហាសាលរបស់ឯកឧត្តម ជា សុផារ៉ា ស្ថិតនៅទួលសង្កែទី ២ និង កម្មពិធីពិសារភោជនីអាហារនាពេលល្ងាចនៃពិធីជ័យមង្គលដ៏ធំនេះ គឺរៀបចំឡើងនៅក្នុង OCIC Wedding Center ពិតជាអធិកអធម និង សែនប្រណីតត្រជាក់ភ្នែកខ្លាំង ដែលមានការតុបតែងរចនាលំអផ្កាស្រស់ចម្រុះពណ៌ និង ទិដ្ឋភាពរោងទាំងមូលរំលេចដោយពណ៌កាប់ស្តាំងប្រៀបដូចក្នុងរឿងព្រេងនិទាន។