កក្រើកហើយ! សិល្បករប្រមាណ ៣០០ នាក់ តែងបុរាណបង្ហាញទស្សនីយភាពដ៏អស្ចារ្យនៅអង្គរ ក្នុងកម្មវិធី «រាត្រីចងចាំ» ថ្ងៃទី ១៤ ធ្នូ
នៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ នឹងរៀបចំកម្មវិធីព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» ក្នុងឆ្នាំ ២០២២ ដើម្បីចូលអបអរខួបអនុស្សារីយ៍ ៣០ នៃការដាក់បញ្ជូលតំបន់អង្គរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅលើទឹកដីអង្គរខេត្តសៀមរាប។
ក្នុងការអបអរព្រឹត្តិការណ៍ដ៏អស្ចារ្យខាងលើនេះដែរ នឹងមានការចូលរួមសម្តែងដោយសិល្បករ សិល្បការិនី ប្រមាណជា ៣០០ នាក់ ដោយរួមមានតារាសម្តែងរៀមច្បង លោក ទេព រិន្ធដារ៉ូ និង អ្នកនាង ចន ច័ន្ទលក្ខិណា ជាដើម។
គួរបន្ថែមថា ព្រឹត្តិការណ៍វប្បធម៌ «រាត្រីចងចាំ» នៅលើទឹកដីខេត្តសៀមរាបខាងមុខនេះ នឹងមានបង្ហាញទស្សនីយភាពនៃការសម្ដែងរបាំបុរាណ ល្ខោនស្រមោលស្បែកធំ ល្ខោនខោល គុនល្បុក្កតោ នាបរិវេណខាងកើតប្រាសាទអង្គរវត្ត ដោយមហាជនជនអាចចូលរួមទស្សនាបានដោយសេរីចាប់ពីវេលាម៉ោង ៥ ល្ងាច៕