កម្មវិធីកីឡាជាតិលើកទី ៣ បានបិទបញ្ចប់ជាស្ថាពរ កាលពីល្ងាចថ្ងៃទី ៣០ ខែវិចិ្ឆកា ឆ្នាំ ២០២២ នេះហើយ ក្រោមការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឯពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។
ជាមួយកម្មវិធីបិទនោះដែរ មហាជនបានរីករាយជាមួយនឹងកម្មវិធីសម្តែងសិល្បៈជាច្រើន ទាំងសម័យ និង បុរាណ ជាពិសេសការបង្ហាញនូវទស្សនីយភាពពីបណ្តាសិល្បករល្បីៗក្នុងប្រទេសកម្ពុជា ដែលមានដូចជា តារាចម្រៀង ឱក សុគន្ធកញ្ញា លោក ជី ដេវីដ និង វណ្ណដា ជាដើម។ យ៉ាងណាមិញ សម្រាប់ វណ្ណដា ក្នុងឱកាសនោះក៏បានបង្ហាញទស្សនីយភាពបទ «Time To Rise» ដោយមានវត្តមាន លោកតាព្រឹទ្ធាចារ្យ គង់ ណៃ និង ភរិយាចូលរួមសម្តែងលើឆាកផងដែរ ហើយបើទោះជាលោកតាមិនបានលេង និង ច្រៀងចាប៉ីដោយផ្ទាល់បានមែន តែនេះជាវត្តមានដ៏កម្ររបស់លោកតាមួយផងដែរ។
តួយ៉ាង បើក្រឡេកទៅមើលពីអារម្មណ៍រំភើបរបស់លោកតា គង់ ណៃ កំឡុងពេល វណ្ណដា សម្ដែងនោះ មហាជនសង្កេតឃើញថា បើទោះបីជាលោកតាពុំអាចមើលឃើញពីទិដ្ឋភាពកាលពីល្ងាចមិញក្ដី ប៉ុន្តែសំឡេងស្រែកហ៊ោកញ្ជៀវរបស់មហាជនដែលបានចូលរួម គាំទ្របទ «Time To Rise» នោះបានធ្វើឱ្យលោកតា គង់ ណៃ ញញឹមរីករាយយ៉ាងខ្លាំង យ៉ាងមានមោទកភាព៕
សូមទស្សនាវីដេអូខាងក្រោម៖