រៀបការនឹងភរិយាអាណិកជន ទៅរស់នៅបរទេស តារាប្រុសទាំងនេះ កំពុងមានសុភមង្គលខ្លាំង
កម្សាន្ត៖ អាចនិយាយបានថា មានសិល្បករមិនតិចនាក់នោះទេ ដែលបានជួបស្នេហ៍ពិតឆ្លងប្រទេស។ ម្យ៉ាងវិញទៀត បន្ទាប់ពីទាក់ទងមើលចិត្តគូស្នេហ៍រួច តារាប្រុសជាច្រើនបានរៀបការ ហើយទៅតាមភរិយាដើម្បីសាងជីវិតគ្រួសារ។ បន្ទាប់ពីបានប្រពន្ធជាអាណិកជនរស់នៅបរទេសរួច ឃើញថាម្នាក់ៗមានសុភមង្គល ហើយរីករាយនឹងជីវិតគូរៀងៗខ្លួន។
យ៉ាងណាមិញ ក្រោយបានភរិយា ស្របពេលប្រជាប្រិយភាពកាន់តែល្បីនោះ តារាប្រុសទាំងនេះ បានសម្រេចចិត្តផ្អាកការងារសិល្បៈ សុខចិត្តតាមប្រពន្ធរស់នៅបរទេសវិញ។ ហើយតារាខ្មែរ បានរៀបណានឹងភរិយាអាណិកជននោះមានដូចជា៖
តារាចម្រៀងលោក នៅ ស៊ីនឿន ទើបតែរៀបការកាលចុងឆ្នាំ ២០២១នេះ ជាមួយនឹងភរិយាជាអាណិកជនដែលមកពីអាមេរិក ហើយថ្មីៗនេះ អ្នកទាំងពីរបានទៅអាមេរិក ដើម្បីរៀបការម្ដងទៀត និងបានធ្វើពិធីជប់លៀងយ៉ាងអធិកអធម។
បើគិតមកទល់នឹងពេលនេះ មានរយៈពេល៣ឆ្នាំហើយ ដែលលោក មាស សាលី បានសាងជីវិតគ្រួសារជាមួយគូស្នេហ៍អាណិកជន។ហើយបច្ចុប្បន្នលោកកំពុងរស់នៅអាមេរិក យ៉ាងមានភាពរីករាយផងដែរ។
អតីតតារាសម្ដែងក្នុងរឿងទុំទាវ លោក ស៊ុក សុភា បានចេញពីស្រុកកំណើតទៅរស់នៅលើទឹកដីប្រទេសអូស្ត្រាលីជាង១០ឆ្នាំហើយក្រោយរៀបការបានភរិយារួច។ ហើយលោកនិងភរិយាទទួបានចំណងដៃកូន៥នាក់ មានមុខមាត់ស្អាតៗមិនចាញ់លោកឡើយ។
ពិតណាស់ លោក ហង្ស ឈា បានបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំ បន្ទាប់ពីបានភរិយាអាណិកជនមកពីអាមេរិក។ ហើយក្រោយរៀបការ អតីតតារាប្រុសរូបនេះ ទទួលបានចំណងដៃកូន៣នាក់ផងដែរ។
តួអង្គនាយដាំ លោក នួន សុផល បានឃ្លាតឆ្ងាយពីសិល្បៈជាង១០ឆ្នាំហើយ ម្យ៉ាងបច្ចុប្បន្នលោកកំពុងរស់នៅអាមេរិក សាងជីវិតយ៉ាងរីករាយជាមួយកូនស្រីខ្លួន។
អំឡុងឆ្នាំ ២០០៥ លោក ខៀវ សំភេទ បានទៅរស់នៅឯប្រទេសអាមេរិកនឹងភរិយា បន្ទាប់ពីរៀបការរួច។ ហើយមកទាល់ពេលនេះលោកមានកូនប្រុសស្រីចំនួន៥នាក់ផងដែរ។
អតីតតួF4ខ្មែរ លោក សោ ពន្លឺ ក៏មិនចាញ់តារាប្រុសខាងលើដែរ ដោយបច្ចុប្បន្នលោកកំពុងរស់នៅប្រទេសអូស្ត្រាលី។ ក្នុងនោះដែរលោកនិងភរិយា ក៏មានកូន៣នាក់ សុទ្ធសឹងស្អាត ឆ្លាតពូកែផងដែរ៕