(វីដេអូ) តារាចម្រៀងស្រី ៣ រូប អាចច្រៀងចម្រៀងជាភាសាចិនបានយ៉ាងពីរោះ
ថ្ងៃនេះ «ប្រជាប្រិយ» នឹងនាំមហាជនទៅចាប់អារម្មណ៍ចំពោះ តារាចម្រៀងស្រី ៣ រូប ដែលមានសមត្ថភាពពិសេសមួយស្រដៀងគ្នា សុទ្ធសឹងតែតារាចម្រៀងមានប្រជាប្រិយភាពខ្លាំងលើវិថីសិល្បៈ ដោយមិនត្រឹមតែមានសមត្ថភាពបកស្រាយចម្រៀងជាភាសាខ្មែរទទួលបានការគាំទ្រខ្លាំងនោះទេ តែសិល្បករារិនីទាំង ៣ រូបមានទេពកោសល្យអាចច្រៀងភាសាចិនបានយ៉ាងស្ទាត់ជំនាញ និង មានសូរសៀងមិនចាញ់ជនជាតិដើមនោះឡើយ។
មហាជននិយមតាមដានស្នាព្រហត្ថព្រះនាងតូច ចេនណា ច្បាស់ជាបានជ្រាបហើយថា បើទោះជាមានវ័យទើបតែជិត ១០ ឆ្នាំ ក្តី តែព្រះនាងតូចមានទេពកោសល្យពហុជំនាញលើវិថីសិល្បៈ។ ក្នុងនោះ បើក្រឡេកទៅមើលការបកស្រាយចម្រៀងក៏ដូចគ្នា មិនត្រឹមតែភាសាខ្មែរនោះទេ ព្រះនាងតូច ចេនណា ក៏អាចបកស្រាយចម្រៀងជាភាសាបរទេសបានច្រើន រួមមាន ភាសាចិនផងដែរ។
ដូចមហាជនបានជ្រាបមកហើយថា តារាចម្រៀង លី អ៊ីវ៉ាធីណា គឺជាកូនកាត់ចិន ដែលនេះជាចំនុចមួយធ្វើឱ្យតារាចម្រៀងប្រចាំផលិតកម្មថោន រូបនេះ អាចបកស្រាយបទចម្រៀងជាភាសាចិនបានឥតខ្ចោះ។ ក្នុងនោះ កញ្ញា លី អ៊ីវ៉ាធីណា ក៏ធ្លាប់បានចេញចម្រៀងរបស់ខ្លួនដោយបកស្រាយជាភាសាចិនច្រើនមកហើយដែរ។
តារាចម្រៀង ប្រេ ម៉ា ជាតារាចម្រៀងឯករាជ្យមួយរូប ដែលកំពុងក្ដោបបានប្រជាប្រិយភាពខ្លាំងជាថ្មីក្រោយពីបាត់មុខសិល្បៈមួយរយៈធំ ដោយបច្ចុប្បន្ន កញ្ញា កំពុងតែទទួលបានការគាំទ្រ និង សរសើរខ្លាំងពីសមត្ថភាពនៃការបកស្រាយច្រៀងរបស់នាង ជាពិសេសអាចបកស្រាយចម្រៀងភាសាបរទេសបានជាច្រើនភាសា។ ក្នុងនោះ កញ្ញា ប្រេ ម៉ា ក៏ជាតារាចម្រៀងស្រីអាចបកស្រាយចម្រៀងជាភាសាចិន បានយ៉ាងស្ទាត់ជំនាញទៀតផង៕